អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធវិស័យទេសចរណ៍ រាប់ពាន់នាក់ ត្រូវបានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលនិងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះទទួលយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Skill Voucher) ក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានកំណត់យកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាសសរស្ដម្ភមួយយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ព្រោះសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិងកំពុងបង្កើតការងារប្រមាណជាង ៨៥% សម្រាប់ប្រជាពលរដ្ឋខ្មែរ។

ក្នុងពិធីយ៉ាងអធិកអធមនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍, ឯកឧត្តម ឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្ដមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា, ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រី បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គសិក្ខាសាលា ប្រមាណជាង ២,០០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងបន្តថា រាជរដ្ឋាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព, ភាពប្រកួតប្រជែង និងភាពធន់នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ និងប្រកបដោយសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ជាពិសេស គឺការគិតគូរផ្តល់ភាពកក់ក្តៅជូនបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យទទួលបានកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអនាគតរបស់បងប្អូន តាមរយៈការបង្កើតឱកាសមុខរបរ, ការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ។


ជាមួយគ្នានេះ ដើម្បីអាចផ្ដល់ឧត្ដមប្រយោជន៍ជាអតិបរមាជូនដល់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរច្បាស់លាស់  និងបានផ្តល់អាទិភាពលើការកសាងមូលដ្ឋានទិន្នន័យនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដែលជាចំណុចគន្លឹះសម្រាប់ការវិភាគ និងជាមូលដ្ឋានសម្រាប់ការរៀបចំយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព ក្នុងនោះរាជរដ្ឋាភិបាល បានបង្កើត និងដាក់ឱ្យដំណើរការថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតបង់ថ្លៃ និងដោយស្ម័គ្រចិត្ត និងការចុះឈ្មោះដោយផ្អែកលើព័ត៌មាន តាមរយៈការធ្វើស្វ័យប្រកាស ដែលមានទម្រង់សាមញ្ញ ងាយស្រួល និងចំណេញពេលវេលា។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍, លេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទាំង២៤, មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥, សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ, កម្លាំងចិត្ត, ប្រាជ្ញា ស្មារតី, និងពេលវេលា, ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការជំរុញការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា ការចុះឈ្មោះនៅក្នុងថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺពិតជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ជួយលើកកម្ពស់ជីវភាពគ្រួសាររបស់បងប្អូនទាំងអស់គ្នា 
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវអត្ថប្រយោជន៍ចំនួនរួមមាន៖ ទី១). ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺ អនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ និងអាចទទួលបានឱកាសក្នុងការគាំទ្រនានាបន្ថែម, ទី២). ក្រោយចុះឈ្មោះនឹងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ បងប្អូននឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានបញ្ជាក់អត្តសញ្ញាណសម្រាប់មុខរបរអាជីវកម្ម និងការងាររបស់បងប្អូន ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការជាមួយវិស័យឯកជនបានផងដែរ, ទី៣). ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញ ដែលមានស្រាប់ និងការចាប់យកជំនាញថ្មី។ ទី៤).  ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោរមួយ ដែលបងប្អូនអាចចាក់បើកទ្វារទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការរួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរដោយចៀសវាងទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការ, ទី៥). ការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព  សម្រាប់ទាំងខ្លួនឯង និងគ្រួសារ, ទី៦). តាមរយៈការចុះឈ្មោះរបស់បងប្អូន រាជរដ្ឋាភិបាលនឹងកសាងបានទិន្នន័យល្អ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ពិសេសក្នុងអំឡុងពេលនៃវិបត្តិនានាដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាត ដូចជាបទពិសោធក្នុងអំឡុងពេលជំងឺកូវីដ-១៩ នាពេលកន្លងមកជាដើម, ទី៧). សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះឈ្មោះនឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌   សុខាភិបាលនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី មានជឿជាក់យ៉ាងមុតមាំថា ការរួមចំណែករបស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់នៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យនានា នឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅក្នុងទីផ្សារការងារលើគ្រប់វិស័យ ប្រកបដោយស័ក្តិសិទ្ធិភាព, ប្រសិទ្ធភាព និងចីរភាព ជាពិសេសដើម្បីធានាឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែមានលទ្ធភាព, កាន់តែធំធាត់រីកចម្រើន និងកាន់តែមានសក្តានុពល ដើម្បីចូលរួមចំណែកឱ្យបានពេញលេញ ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល៕





















Previous Post Next Post