ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វេីនៅនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គស្នងការរង ជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិក ព្រមទាំងប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ជាសមាជិក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
អញ្ជើញមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរ គ្រប់គោលដៅកំសាន្តសប្បាយ វត្តអារ៉ាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា មានប្រសាសន៍បន្តថា ថ្ងៃនេះជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ណែនាំឲ្យកម្លាំងនគរបាលទាំងអស់ ចូលរួមខិតខំបន្តការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអានដោយ លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ បានឲ្យដឹងថា សន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានភាពល្អប្រសើរ និងពុំមានហេតុការណ៍អ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ បានអបអរសាទរចំពោះពិធីបុណ្យចូលឆ្នាំថ្មីនេះយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង ក្រោមកិច្ចសហការរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានបង្កលក្ខណៈងាយស្រួលដល់ជនគ្រប់រូប ក្នុងការធ្វើដំណើរទៅជួបជុំសាច់ញាតិ ក្រុមគ្រួសារ ចូលរួមពិធីបុណ្យប្រពៃណីជាតិ និងទៅកំសាន្តសប្បាយនៅតាម តំបន់ទេសចរណ៍ រមណីយដ្ឋាន វត្តអារ៉ាម ក៏ដូចជាគោលដៅប្រារព្ធពិធីសង្ក្រាន្តនានាដែលបានរៀបចំឡើងដោយអាជ្ញាធរមូលដ្ឋាន។
រយៈពេល ៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ បទល្មើសជារួមមានការថយចុះ (១៦%) គួបផ្សំ លទ្ធផលបង្ក្រាបខ្ពស់រហូតដល់៩១%។ ស្ថានភាពចរាចរណ៍ថ្វីបើហាក់មានការកកកុញតាមទីប្រជុំជនមួយចំនួន ប៉ុន្តែត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមគ្នាដោះស្រាយបញ្ចៀសបានការកកស្ទះរយៈពេលវែង ដែលបង្ហាញអំពីប្រសិទ្ធភាពការងារជំនាញរបស់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ក្នុងការចាត់វិធានការជាច្រើនសំដៅកាត់បន្ថយ ការកកស្ទះ បញ្ចៀសបាននូវការថ្នាំងថ្នាក់ និងទទួលនូវការកោតសរសើរ លើកទឹកចិត្តពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅកំសាន្តសប្បាយនៅគ្រប់គោលដៅ។ បើធៀបរយៈពេលដូចគ្នានាឆ្នាំ២០២៥ ឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ គឺថយទាំងចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស។
Tags:
ព័ត៌មានជាតិ



