ទូលព្រះបង្គំជាខ្ញុំ ទាំងអស់គ្នា សូមឧទ្ទិសបុណ្យកុសលទាំងឡាយ ដែលទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា បានកសាងកន្លងមក និងកម្លាំងចិត្ត ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆ្លងកាត់ការវះកាត់ដោយជោគជ័យ ព្រមទាំងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុង ការតាមដានត្រួតពិនិត្យ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យឯកទេស និងជំនាញៗ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងបានឆាប់ជាសះស្បើយពីព្រះរោគជាក់ ជាពុំខាន។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណា ជាអម្ចាស់ជីវិត លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយពីព្រះរោគ ព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគារវភក្តីដ៏មហាខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា៕
កែសម្រួលអត្ថបទ ៖ តារា

