៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី មានអ្នកដំណើរស្លាប់១៧នាក់ ថយ៩នាក់ ធៀបឆ្នាំមុន!

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៧នាក់ និងរបួសធ្ងន់ស្រាល៤៥នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 


តាមលោក ទូច សុឃៈ បើធៀបនឹងឆ្នាំមុន ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ៣ករណី អ្នកស្លាប់បានថយចុះ៩នាក់ និងអ្នករបួសថយចុះឡើង២នាក់។សម្រាប់មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ លោកបានបញ្ជាក់ថា អ្នកបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។ 


គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់។ 


អ្នកនាំពាក្យបានរំលឹកអ្នកដំណើរទាំងអស់ ពិសេសពេលវិលត្រឡប់មករាជធានី និងទៅកាន់ទីតាំងរស់នៅ ឬបំពេញការងារផ្សេងៗត្រូវបើកបរគោរពច្បាប់និងរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច៕ 



ដោយកញ្ញា សេង សុខហ៊ុន

Previous Post Next Post