ប៉មចម្រោះទឹកស្អាត មានតម្លៃ១២,០០០ដុល្លារ ជាអំណោយពីមិត្តសប្បុរសជនបរទេស ត្រូវបានសមាគមរាជសីហ៍សាខាខេត្តសៀមរាបប្រគល់ជូនដល់ សាលាបឋមសិក្សាស្វាយធំ ស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

សៀមរាប ៖ លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និងជាប្រធាន សមាគមរាជសីហ៍សាខាខេត្តសៀមរាប នាថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះតម្លើង និងប្រគល់ប៉មចំរោះទឹកស្អាត១គ្រឿងជូនដល់សាលាបឋមសិក្សាស្វាយធំ ស្ថិតនៅឃុំកណ្តែក  ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយក លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។

ដែលក្នុងនោះរួមមាន៖

-ប៉មចំរោះទឹកស្អាតមួយឈុតធំដែលមានកំលាំងផលិតទឹកស្អាតបាន ១,០០០ លីត្រក្នុង ១ម៉ោង (តម្លៃ ១២,០០០$) 

សរុបជាទឹកប្រាក់ចំនួន ១២,០០០.០០$ ដុល្លារអាមេរិក ដែលជាអំណោយពីមិត្តសប្បុរសជនបរទេស។

សាលាបឋមសិក្សានេះ មានសិស្សសរុប ចំនួន ១៥១៥ នាក់ លោកគ្រូអ្នកគ្រូចំនួន ៣៩នាក់ សហគមន៍ជុំវិញដែលនឹងអាស្រ័យផលពីប៉មចំរោះទឹកស្អាតនេះមានចំនួន ៤៧៥ គ្រួសារ។ 

 លោកនាយក និងលោកគ្រូអ្នកគ្រូ បានសម្តែងសេចក្តីត្រេកអរចំពោះជំនួយដ៏មានតម្លៃនេះ និងអរគុណជាខ្លាំងដល់សមាគមរាជសីហ៍ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ក្នុងទិសដៅរួមចំណែកលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសតំបន់ដែលមានការខ្វះខាត និងនៅទីដាច់ស្រយាល។ 

 លោកទ្រឿង សំរិទ្ធ ក៏បានពាំនាំពាក្យសួរសុខទុក្ខពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះលោកស្រីនាយិកា លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅទីនោះទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សមាគមរាជសីហ៍ តែងតែគិតគូរពីសុខទុក្ខ និង ជួយឧបត្ថម្ភគាំទ្រ សំរាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋនានាតាមដែលអាចធ្វើទៅបាន ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះផ្សេងៗ ដោយឥតមានការរើសអើង។ 

ជាចុងក្រោយ លោកបានណែនាំដល់លោកនាយក និងលោកគ្រូអ្នកគ្រូ ឲ្យមានការយកចិត្តទុកដាក់ ថែទាំ និងថែរក្សាម៉ាស៊ីននេះឲ្យបានត្រឹមត្រូវតាមបែបបទបច្ចេកទេស ថ្មីយូរអង្វែង៕








កែសម្រួលអត្ថបទ ៖ សាវឿន

Previous Post Next Post