ចាងហ្វាងសារព័ត៌មាន PKN-Hotnews ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ លោក កែវ សម្ផស្ស ជាចាងហ្វាងសារព័ត៌មានអនឡាញ PKN-Hot News កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការចាប់ខ្លួនពីខេត្តតាកែវ ហើយបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដោយមិនទាន់ដឹងពីមូលហេតុអ្វីទេ។

យោងតាមអត្ថបទខ្លីមួយដែលបានសរសេរបង្ហោះនៅលើទំព័រ PKN-Hotnews ថា “ស្អែកថ្ងៃសៅរ៍ទី១៤ ខែ០៣ ឆ្នាំ២០២៦ មានបងប្អូនណាមានមាន់ទៅជល់ផ្ទះឧកញ៉ាលីនអត់ព្រោះស្នងការខេត្តកំពង់ស្ពឺជាអ្នកកាងទើបបើកសង្វៀនមាន់ជល់យ៉ាងរលូន។” លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺបានចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធករណីលេងល្បែងភ្នាល់តាម (INTERNET)។នៅចំណុចទី៤ នៃសេចក្តីបំភ្លឺព័ត៌មានអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺស្នើសុំឱ្យម្ចាស់គេហទំព័រសារព័ត៌មាន PKN-Hotnews នេះធ្វើការកែតម្រូវនូវការចុះផ្សាយព័ត៌មានខាងលើនេះឡើងវិញ។
នៅក្នុងខ្លឹមសារអត្ថបទខ្លីមួយទៀតដែលបានសរសេរបង្ហោះកាលពីដើមខែមេសាឆ្នាំ២០២៦នៅលើទំព័រPKN-Hotnews ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ណ អភិបាលខេត្ត នៃ គណអភិបាល និងជាគណៈបញ្ជការ ឯកភាព ខេត្តកំពង់ស្ពឺ សូមពិចារណប្រពន្ធ័តុលាការ ខេត្តកំពង់ស្ពឺ ស្នងការ នៃ ស្នងករខេត្តកំពង់ស្ពឺ. បានចាប់ជនល្មើស ល្បែងសុីសង អនឡាញស៍ មាន់ជល់ ចំណុចផ្សារថ្នល់បទ ភូមិក្រញូង ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ. ត្រូវបាន តុលាការ ខេត្តកំពង់ស្ពឺ ដោះលែង។
ប្រព័ន្ធតុលាការ ខេត្តកំពង់ស្ពឺ ទទួលសំណូកក្នងម្នាក់ ២០០០ $ (ពីរពាន់ដុល្លារ) ជនល្មើសល្បែងសុីសងចំនួន ៣ នាក់អស់ ៦០០០$ ដុល្លារ។”

គិតត្រឹមថ្ងៃត្រង់ថ្ងៃទី0៣ ខែមេសា ឆ្នាំ២០២៦ អ្នកសារព័ត៌មានរូបនេះមិនទាន់ត្រូវបានចោទប្រកាន់ពីបទអ្វីនៅឡើយទេដោយស្ថិតនៅក្នុងនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
គួររំលឹកថា គិតមកត្រឹមដើម ខែមេសា ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានចំនួនសរុប ១១នាក់ ត្រូវបានហៅទៅសាកសួរ ដោះលែងឃុំខ្លួនដោយសារតែការបំពេញវិជ្ជាជីវរបស់ខ្លួនដែលសមាគមបានធ្វើការកត់ត្រា៕


អត្ថបទ ៖ រដ្ឋា

أحدث أقدم