ប៉មចម្រោះទឹកស្អាត មានតម្លៃ១៦,៨៧៥ដុល្លារ ជាអំណោយពីមិត្តសប្បុរសជនបរទេស ត្រូវបានសមាគមរាជសីហ៍សាខាខេត្តសៀមរាបប្រគល់ជូនដល់សាលាបឋមសិក្សាព្រៃទទឹង ស្រុកជីក្រែង ខេត្តសៀមរាប

សៀមរាប ៖ លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និងជាប្រធាន សមាគមរាជសីហ៍សាខាខេត្តសៀមរាប នាថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះតម្លើង និងប្រគល់ប៉មចំរោះទឹកស្អាត១គ្រឿងជូនដល់សាលាបឋមសិក្សាព្រៃទទឹង ស្ថិតនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអនុប្រធានការិយាល័យអប់រំស្រុក សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ លោកនាយសាលា លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងក្មួយៗសិស្សានុសិស្ស។

ដែលក្នុងនោះរួមមាន៖

-ប៉មចំរោះទឹកស្អាតមួយឈុតធំដែលមានកំលាំងផលិតទឹកស្អាតបាន ១,០០០ លីត្រក្នុង ១ម៉ោង (តម្លៃ ១៦,០០០$) 

-កែវអ៊ីណុក ៣៥០កែវ (តម្លៃ ៨៧៥.០០$)

សរុបជាទឹកប្រាក់ចំនួន ១៦,៨៧៥.០០$ ដុល្លារអាមេរិក ដែលជាអំណោយពីមិត្តសប្បុរសជនបរទេស។


សាលាបឋមសិក្សានេះ មានសិស្សសរុប ចំនួន ២៩០ នាក់ លោកគ្រូអ្នកគ្រូចំនួន ១១ នាក់ សហគមន៍ជុំវិញដែលនឹងអាស្រ័យផលពីប៉មចំរោះទឹកស្អាតនេះមានចំនួន ៣៥៩ គ្រួសារ។ 

 

លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ បានសម្តែងសេចក្តីត្រេកអរចំពោះជំនួយដ៏មានតម្លៃនេះ និងអរគុណជាខ្លាំងដល់សមាគមរាជសីហ៍ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ក្នុងទិសដៅរួមចំណែកលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសតំបន់ដែលមានការខ្វះខាត និងនៅទីដាច់ស្រយាល។ 

 

លោកទ្រឿង សំរិទ្ធ ក៏បានពាំនាំពាក្យសួរសុខទុក្ខពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះលោកនាយក លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅទីនោះទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សមាគមរាជសីហ៍ តែងតែគិតគូរពីសុខទុក្ខ និង ជួយឧបត្ថម្ភគាំទ្រ សំរាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋនានាតាមដែលអាចធ្វើទៅបាន ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះផ្សេងៗ ដោយឥតមានការរើសអើង។ 


ជាចុងក្រោយ លោកបានណែនាំដល់លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ ឲ្យមានការយកចិត្តទុកដាក់ ថែទាំ និងថែរក្សាម៉ាស៊ីននេះឲ្យបានត្រឹមត្រូវតាមបែបបទបច្ចេកទេស ថ្មីយូរអង្វែង៕









អត្តបទ ៖ ប្រុស

Previous Post Next Post