លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ចុះសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ព្រឹទ្ធាចារ្យខ្មែរក្រោម

ភ្នំពេញ ៖ នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៦ លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានចុះសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ព្រឹទ្ធាចារ្យខ្មែរក្រោមវ័យចាស់ជរា ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ។

តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោក សឺន យឿង ប្រធានលេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម រួមជាមួយលោក តាំង សារៈ ប្រធានតំបន់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅកម្ពុជា និងលោក ញឹម ឬទ្ធី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម បានអញ្ជើញទៅជួបសួរសុខទុក្ខ និងឈ្វេងយល់ពីស្ថានភាពរស់នៅរបស់ព្រឹទ្ធាចារ្យខ្មែរក្រោម ដោយផ្តោតលើសុខភាព និងជីវភាពប្រចាំថ្ងៃ ។ ក្នុងឱកាសនោះ ពួកគាត់បានសន្ទនាសុខទុក្ខ ស្តាប់ការលំបាក ផ្តល់កម្លាំងចិត្ត ព្រមទាំងយកចិត្តទុកដាក់លើសុខភាពរបស់ព្រឹទ្ធាចារ្យខ្មែរក្រោម ។
ព្រឹទ្ធាចារ្យ ដែលត្រូវបានសួរសុខទុក្ខនោះ គឺគ្រួសារលោក ស៊ុន សុផល និងភរិយាលោកស្រី លី អ៊ីន ។ លោក ស៊ុន សុផល ធ្លាប់ជាគ្រូអាចារ្យ រីឯលោកស្រី លី អ៊ីន ធ្លាប់ជាគ្រូពេទ្យនៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ។
ក្នុងឱកាសនោះ លោក តាំង សារៈ បានលើកយកប្រវត្តិសង្ខេបនៃការងាររបស់ព្រឹទ្ធាចារ្យ ស៊ុន សុផល កាលរស់នៅទឹកដីកម្ពុជាក្រោម ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងការបង្ហាត់បង្រៀនដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ។
សកម្មភាពសួរសុខទុក្ខនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ក្នុងការថែរក្សា និងគាំទ្រពលរដ្ឋខ្មែរក្រោម ជាពិសេសការយកចិត្តទុកដាក់លើព្រឹទ្ធាចារ្យវ័យចាស់ ដែលធ្លាប់មានការរួមចំណែកក្នុងការងារសង្គមខ្មែរក្រោម ។
ពលរដ្ឋខ្មែរក្រោមភាគច្រើនបានផ្លាស់មករស់នៅកម្ពុជា ដោយសារហេតុផលផ្សេងៗ ដូចជាការរឹតត្បិតលើសិទ្ធិសេរីភាពមូលដ្ឋាន ការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម ការរឹតបន្តឹងលើសកម្មភាពសាសនា និងវប្បធម៌ ព្រមទាំងបញ្ហាជីវភាពសេដ្ឋកិច្ច ។ ដូច្នេះ ពលរដ្ឋខ្មែរក្រោមមួយចំនួន បានជ្រើសរើសមកកម្ពុជា ដើម្បីស្វែងរកសុវត្ថិភាព ការអប់រំ និងឱកាសរស់នៅកាន់តែប្រសើរឡើង ។ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នឹងបន្តអនុវត្តសកម្មភាពសង្គម និងមនុស្សធម៌ ដើម្បីគាំទ្រពលរដ្ឋខ្មែរក្រោម ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅដែនដីកម្ពុជាក្រោម ៕










អត្ថបទ ៖ តារា
រូបភាព ៖ ក្រុមការងារ
Previous Post Next Post