ភ្នំពេញ ៖ ថ្នាក់ដឹកនាំ នៃអង្គការមជ្ឍមណ្ឌលមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម និងសមាជិក សមាជិកាទាំងអស់ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានថ្លែងការណ៍ ជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តិតែមួយគត់សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារ ដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ អស់រយៈពេលជាង ២៥ ឆ្នាំកន្លងមកនេះ។
អង្គការមជ្ឍមណ្ឌលមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម ជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ នៅចំពោះមុខអន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាង ប្រទេសទាំងពីរ ត្រូវបានប្រើប្រាស់អស់លទ្ធភាព។
អង្គការមជ្ឍមណ្ឌលមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម សង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា យន្តការផ្សះផ្សាដោយបង្ខំនេះ នឹងរួមចំណែកបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយមួយ ប្រកបដោយយុត្តិធម៌ តម្លាភាព និង ចីរភាព សំដៅរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសភូមិផងរបងទាំងពីរ៕
អត្ថបទ ៖ បញ្ជា


