ឯកឧត្តម សាន សាង នាំយកទឹកបរិសុទ្ធចំនួន១,០០០កេស ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនកងទ័ព អង្គភាពកងពលតូចអន្តរាគមន៍លេខ៤ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ ឯកឧត្តម សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម និងក្រុមការងារ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកទឹកបរិសុទ្ធចំនួន១,០០០កេស ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីប្រគល់ជូនកងទ័ព អង្គភាពកងពលតូចអន្តរាគមន៍លេខ៤ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីចែកចាយបន្តដល់កងវិរសេនាតូចទាំង ៤ ចំណុះកងពល ដែលកំពុងឈរជើងបំពេញភារកិច្ចការពារព្រំដែនជួរមុខ។

ក្នុងឱកាសនោះ ឯកឧត្តម សាន សាង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូននាយទហាន នាយទាហានរង និងពលទាហាន ដែលមានវត្តមាននៅទីនេះ ក៏ដូចជាកំពុងឈរជើងការពារនៅតាមព្រំដែនផងដែរ។

ឯកឧត្តម សាន សាង បានថ្លែងទៀតថា ការនាំយកទឹកបរិសុទ្ធមកប្រគល់ជូនវីរកងទ័ពនាពេលនេះ គឺជាការចូលរួមចំណែកតូចមួយក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីការពារបូរណភាពទឹកដី សន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា អំណោយទឹកបរិសុទ្ធចំនយន១០០កេសនេះ បង្ហាញពីទឹកចិត្តស្រឡាញ់ ការយកចិត្តទុកដាក់និងការគាំទ្រយ៉ាងពេញទំហឹងចំពោះបងប្អូនកងទ័ព ដែលកំពុងឈរជើងនៅតំបន់ជួរមុខ។ យើងទាំងអស់គ្នាតែងតែនៅពីក្រោយខ្នង និងគាំទ្រកងទ័ពជានិច្ច។

ជាការឆ្លើយតប តំណាងមេបញ្ជាការ និងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សាន សាង និងក្រុមការងារ ដែលបានចំណាយពេលវេលា ដ៍មានតម្លៃ និងនាំយកអំណោយដ៏មាមកឧបត្ថម្ភដល់កងកម្លាំងនៅជួរមុខ។

តំណាងកងទ័ពបានលើកឡើងថា អំណោយទឹកបរិសុទ្ធដែលបានប្រគល់ជូននាពេលនេះ មិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវកម្លាំងចិត្ត ការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសប្បុរសជនចំពោះកងទ័ព ដែលកំពុងបំពេញបេសកកម្ម ការពារជាតិ។ ប្តេជ្ញាបន្តគោរពវិន័យ ឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងរក្សាសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានគង់វង្ស ស្របតាមភារកិច្ចដែលថ្នាក់ដឹកនាំ និងប្រជាជនបានប្រគល់ជូន៕









កែសម្រួលអត្ថបទ ៖ បញ្ញា


Previous Post Next Post