ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា
និងសមិទ្ធផលនានារបស់អង្គការកុមារកម្ពុជារីករាយ ស្ថិតនៅភូមិស្នឹងលិច
ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានមានប្រសាសន៍លើកទឹកចិត្តដល់អង្គការកុមារកម្ពុជារីករាយ
បន្តបេសកកម្មជួយកុមារក្រីក្រកម្ពុជា និងកុមារងាយរងគ្រោះ
ឱ្យទទួលបានការអប់រំជាថ្នាលឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព
និងធនធានមនុស្ស ឱ្យកាន់តែមានគុណភាព
ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមអភិសន្តិបណ្ឌិត
ឧបនាយករដ្ឋមន្ត្រី
បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះអង្គការកុមារកម្ពុជារីករាយ
ដែលចាប់តាំងពីឆ្នាំ២០១៨មក បានពង្រីកការគាំទ្រវិស័យអប់រំ ទៅកាន់ខេត្តគោលដៅ
ចំនួន ៩ និងបានវិនិយោគធនធានជាច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំ
និងឱកាសសិក្សារបស់កុមារកម្ពុជា ដែលនេះគឺជាការអនុវត្តដ៏ត្រឹមត្រូវ
និងចំទិសដៅ ក្នុងការធានាថា កុមារងាយរងគ្រោះ និងក្រីក្រ
នៅតាមតំបន់ដាច់ស្រយាល អាចអាន សរសេរ និងគណនាលេខ បានយ៉ាងស្ទាត់ជំនាញ
នៅពេលបញ្ចប់ថ្នាក់ទី៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគីនចាន់
ដែលបានផ្ដួចផ្ដើមបង្កើតអង្គការកុមារកម្ពុជារីករាយ
និងបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល
ក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល។ ជាមួយគ្នានេះ
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្ដែងនូវការកោតសរសើរ
និងថ្លែងអំណរគុណដល់សប្បុរសជននានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់
ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន
ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
ឱ្យកាន់តែរីកចម្រើន។
តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា
និងសមិទ្ធផលនានារបស់អង្គការកុមារកម្ពុជារីករាយនាឱកាសនោះ
ប្រមុខក្រសួងមហាផ្ទៃ សង្ឃឹមថា សមិទ្ធផលនេះ នឹងក្លាយជាប្រភពនៃចំណេះដឹង
ក្តីសង្ឃឹម និងកាលានុវត្តភាពសម្រាប់កុមាររាប់ពាន់នាក់ នាពេលអនាគត
និងសូមឱ្យទីកន្លែងនេះ ក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស
ប្រកបដោយចំណេះដឹង គុណធម៌ និងសមត្ថភាព
ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។
ឯកឧត្តមអភិសន្តិបណ្ឌិត
ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាថែរក្សានិងលើកកម្ពស់គុណភាពអប់រំ
ដើម្បីធានាថា កុមារកម្ពុជាគ្រប់រូប
ទោះរស់នៅទីណាក៏ដោយអាចទទួលបានឱកាសសិក្សាប្រកបដោយសមធម៌ គុណភាពនិងបរិយាបន្ន
ព្រោះការវិនិយោគលើកុមារ នៅថ្ងៃនេះ គឺជាការកសាងភាពរុងរឿងរបស់កម្ពុជា
នៅថ្ងៃស្អែក។
គួររម្លឹកថា ចាប់តាំងពីឆ្នាំ២០១៨
រហូតមកដល់បច្ចុប្បន្ន អង្គការកុមារកម្ពុជារីករាយ ដែលបង្កើតឡើងដោយមូលនិធិ
គីនចាន់ បានចុះប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល
ក្នុងខេត្ត ចំនួន ៩ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង ព្រៃវែង
ក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប និងរតនគីរី។ គោលដៅសំខាន់នៃគម្រោងនេះ
គឺដើម្បីលើកកម្ពស់គុណភាពអប់រំដល់កុមារក្រីក្រ និងកុមារងាយរងគ្រោះ
ដោយធានាឱ្យបានថា សិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី៦ នៅតាមសាលាគោលដៅទាំងអស់
នឹងមានសមត្ថភាពចេះអាន សរសេរ និងគណនាលេខបានយ៉ាងស្ទាត់ជំនាញ
គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦។ តាមរយៈគម្រោងនេះ
អង្គការបានគាំទ្រដល់សាលាមត្តេយ្យចំនួន ៩១សាលា និងបឋមសិក្សាចំនួន ៩០សាលា
ដែលបានចំណាយថវិកាសរុបចំនួន ១៧.៣២៦.៩៣៤ដុល្លារអាម៉េរិក៕













